បឋមគិលានសូត្រទី ១

ក្បាលទី 22 · ទំព័រ 407

សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយ រូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ បពិត្រ ព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគអនុគ្រោះ ស្តេចទៅស្រោចស្រង់ភិក្ខុនោះផង ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ផង ទ្រង់ជ្រាបច្បាស់ដូច្នេះថា ភិក្ខុមិនទាន់មានគេ ស្គាល់ ក៏ស្តេចចូលទៅរកភិក្ខុនោះ ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវា ( ចង់ក្រោក ) លើគ្រែ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹងភិក្ខុនោះ ដូច្នេះថា ណ្ហើយ ភិក្ខុ អ្នកកុំប្រវេប្រវាលើគ្រែឡើយ ព្រោះមានអាសនៈគេក្រាលទុកនេះហើយ តថាគតនឹងអង្គុយលើអាសនៈនោះ ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏ត្រាស់សួរ ភិក្ខុនោះដូច្នេះថា ម្នាលភិក្ខុអ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបាន ស្រួលដែរឬ ទុក្ខវេទនាចេះតែថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្ត ទៅ មិនរឹតឡើងទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គអត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ព្រោះទុក្ខវេទនារបស់ខ្ញុំព្រះអង្គធ្ងន់ណាស់ តែង ចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ ។ ម្នាល ភិក្ខុ អ្នកមិនមានសេចក្តីរង្កៀសតិចតួច មិនមានវិប្បដិសារៈនីមួយទេឬ ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គមានសេចក្តីរង្កៀសច្