ទុតិយអវិជ្ជាបហានសូត្រទី ៧
គ្រានោះ ភិក្ខុមួយរូប ។ បេ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ មួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជាក៏ឈ្មោះថាលះបង់បាន វិជ្ជាក៏កើតឡើង មានដែរឬ ។ ម្នាលភិក្ខុ ធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជាក៏ឈ្មោះ ថាលះបង់បាន វិជ្ជាក៏កើតឡើងក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែ មួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជាក៏ឈ្មោះថាលះបង់បាន វិជ្ជាក៏កើតឡើង តើដូចម្តេច ។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជាក៏ឈ្មោះថាលះបង់បាន វិជ្ជាក៏កើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះ ភិក្ខុកាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានស្តាប់ហើយថា ធម៌ទាំងពួង មិនគួរនឹង ប្រកាន់មាំទេ ។ ម្នាលភិក្ខុ បើភិក្ខុបានស្តាប់ពុទ្ធវចនៈនុ៎ះថា ធម៌ទាំងពួងមិនគួរ នឹងប្រកាន់មាំឡើយ យ៉ាងនេះហើយ ។ ភិក្ខុនោះ រមែងដឹងច្បាស់នូវធម៌ទាំងពួង លុះដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងនូវធម៌ទាំងពួង លុះ កំណត់ដឹងនូវធម៌ទាំងពួងហើយ រមែងឃើញច្បាស់នូវនិមិត្តទាំងពួង ថាជា របស់ដទៃ ឃើញនូវភ្នែក ថាជារបស់ដទៃ ឃើញនូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែល កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ថាជារបស់ដទៃ ។ បេ ។ ឃើញនូវចិត្ត ថាជារបស់ដទៃ ឃើញនូវធម៌ មនោវិញ្ញាណ មនោសម្ផស្ស នូវវេទនា ទោះជា សុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ថាជារបស់ដទៃ ។ ម្នាលភិក្ខុ ភិក្ខុកាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។