លោកបញ្ហាសូត្រទី ៩
ក្បាលទី 22 · ទំព័រ 422
គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលគេតែងនិយាយថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាលោក តើដោយហេតុដូចម្តេច ។ ម្នាលភិក្ខុ សភាវៈណាតែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅថាលោក ។ ចុះរបស់អ្វីតែងបែកធ្លាយ ម្នាលភិក្ខុ ភ្នែកតែងបែកធ្លាយ រូបទាំងឡាយ តែង បែកធ្លាយ ចក្ខុវិញ្ញាណតែងបែកធ្លាយ ចក្ខុសម្ផស្សតែងបែកធ្លាយ ទោះបី វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះ ចក្ខុសម្ផស្សជាបច្ច័យ វេទនានោះក៏តែងបែកធ្លាយ ។