បលោកធម្មសូត្រទី ១
គ្រានោះឯង ព្រះអានន្ទមានអាយុចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេ តែងហៅថា លោក លោក បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថាលោក តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះហៅថា លោក ក្នុងអរិយវិន័យ ។ ម្នាលអានន្ទ របស់អ្វីដែល មានសេចក្តីបែកធ្លាយជាធម្មតា ម្នាលអានន្ទ ចក្ខុហ្នឹងឯង មានសេចក្តីបែកធ្លាយ ជាធម្មតា រូបមានសេចក្តីបែកធ្លាយជាធម្មតា ចក្ខុវិញ្ញាណ មានសេចក្តី បែកធ្លាយជាធម្មតា ចក្ខុសម្ផស្ស មានសេចក្តីបែកធ្លាយជាធម្មតា ទោះបី វេទនាណា ។ បេ ។ ព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តី បែកធ្លាយជាធម្មតា ។ បេ ។ ជិវ្ហាមានសេចក្តីបែកធ្លាយជាធម្មតា រសមាន សេចក្តីបែកធ្លាយជាធម្មតា ជិវ្ហាវិញ្ញាណមានសេចក្តីបែកធ្លាយជាធម្មតា ជិវ្ហាសម្ផស្សមានសេចក្តីបែកធ្លាយជាធម្មតា ទោះបីវេទនាណា ។ បេ ។ ព្រោះ ជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា ។ បេ ។ មនោមានសេចក្តីបែកធ្លាយជាធម្មតា ធម៌មានសេចក្តីបែកធ្លាយជាធម្មតា មនោវិញ្ញាណមានសេចក្តីបែកធ្លាយជាធម្មតា មនោសម្ផស្សមានសេចក្តីបែក ធ្លាយជាធម្មតា ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែល កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា ។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះ ហៅថា លោក ក្នុងអរិយវិន័យ ។