ឆន្នសូត្រទី ៤

ក្បាលទី 22 · ទំព័រ 431

សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង ព្រះសារីបុត្តមាន អាយុ ១ ព្រះមហាចុន្ទមានអាយុ ១ ព្រះឆន្នៈមានអាយុ ១ គង់លើភ្នំគិជ្ឈកូដ ។ សម័យនោះឯង ព្រះឆន្នៈមានអាយុមានអាពាធប្រកបដោយទុក្ខ ឈឺ ធ្ងន់ ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំក្នុងសាយ័ណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ បបួលព្រះមហាចុន្ទមានអាយុយាងនេះថា នែអាវុសោចុន្ទ មក យើងនឹងទៅ សួរជំងឺព្រះឆន្នៈមានអាយុ ។ ព្រះមហាចុន្ទមានអាយុបានទទួលតបពាក្យព្រះសារី បុត្តមានអាយុថា ករុណាអាវុសោ ។ ទើបព្រះសារីបុត្តមានអាយុ និង ព្រះមហាចុន្ទមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយក៏ គង់លើអាសនៈដែលគេក្រាលទុក ។ លុះព្រះសារីបុត្តមានអាយុគង់ហើយ ទើបសួរព្រះឆន្នៈមានអាយុដូច្នេះថា ម្នាលអាវុសោឆន្នៈ សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយទៅមិន ចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ ។