បុណ្ណសូត្រទី ៥
ក្បាលទី 22 · ទំព័រ 443
គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះព្រះបុណ្ណៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូម អង្វរ សូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គ ខ្ញុំ ព្រះអង្គបានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេច ចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស បញ្ជូនចិត្តទៅរកព្រះនិព្វាន ។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលបុណ្ណៈ រូបដែល ត្រូវដឹងបានដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជា ទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរជាប់ចិត្តនឹងរូបនោះ កាលភិក្ខុនោះត្រេកអរ សរសើរ ជាប់ចិត្តនឹងរូប នោះ សេចក្តីរីករាយរមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែ កើតសេចក្តីរីករាយ ទើបកើតទុក្ខ ។