ពាហិយសូត្រទី ៦
ក្បាលទី 22 · ទំព័រ 459
គ្រានោះឯង ព្រះពាហិយៈមានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះព្រះពាហិយៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគសម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជា អ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ ព្រះនិព្វាន ។ ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលពាហិយៈ អ្នកសម្គាល់ សេចក្តីនោះដូចម្តេច ចក្ខុ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ដែរឬ ។