បឋមទ្វយសូត្រទី ៩

ក្បាលទី 22 · ទំព័រ 467

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម្មជាតជាគូៗ ដល់ អ្នកទាំងឡាយ អ្នកទាំងឡាយចូរចាំស្តាប់ធម្មជាតនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតជាគូៗ តើដូចម្តេចខ្លះ គឺភ្នែក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្តាត និងរស កាយ និងផ្សព្វ ចិត្ត និងធម៌ ម្នាលភិក្ខុ ទាំងឡាយ នេះឯងហៅថា ធម្មជាតជាគូៗ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ណានិយាយយ៉ាងនេះថា ខ្ញុំនឹងបដិសេធនូវធម្មជាតជាគូៗ នុ៎ះចេញ ហើយ បញ្ញត្តធម្មជាតជាគូៗ ឯទៀតវិញបាន ។ ពាក្យរបស់បុគ្គលនោះ គ្រាន់តែជា ហេតុប៉ុណ្ណោះឯង តែបុគ្គលនោះ កាលបើគេសួរហើយ មុខជាដោះស្រាយ មិនរួចផង ដល់នូវសេចក្តីចង្ហៀតចង្អល់ចិត្តផង ។ ដំណើរនោះ ព្រោះហេតុ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការណ៍នោះហួសវិស័យ ។