មាលុក្យបុត្តសូត្រទី ២
ក្បាលទី 22 · ទំព័រ 480
លំដាប់នោះឯង ព្រះមាលុក្យបុត្តមានអាយុ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានចូលទៅគាល់ ព្រះមានព្រះភាគ ។ បេ ។ លុះព្រះមាលុក្យបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគសម្តែងធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គបាន ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពី ពួក ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្ត បញ្ជូនទៅកាន់ព្រះនិព្វានបាន ។ ម្នាលមាលុក្យបុត្ត អម្បាលប្រហែលអ្នកជា មនុស្សជរា មានអាយុចម្រើនហើយ ចាស់កន្លងបឋមវ័យចូលស៊ប់ក្នុង បច្ឆិមវ័យហើយ ទើបនឹងសូមឱវាទដោយសង្ខេបក្នុងកាលឥឡូវនេះ តើនឹងឲ្យ តថាគតនិយាយនឹងពួកភិក្ខុកំលោះដូចម្តេច ក្នុងការសូមឱវាទនុ៎ះ ។