បរិហានធម្មសូត្រទី ៣
ក្បាលទី 22 · ទំព័រ 493
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបរិហានធម៌ ( ធម៌ ជាហេតុសាបសូន្យ ) ផង នូវអបរិហានធម៌ ( ធម៌ជាហេតុមិនសាបសូន្យ ) ផង នូវអភិភាយតនៈ ( អាយតនៈដ៏ចម្រើនក្រៃពេក ) ៦ ផង ដល់អ្នក ទាំងឡាយ ចូរអ្នកទាំងឡាយចាំស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះជាទីស្ទុះទៅជា បច្ច័យនៃការជាប់ជំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុនៅអត់ទ្រាំនឹង អារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកម្ចាត់បង់ទេ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញសាបសូន្យចាក កុសលធម៌ទាំងឡាយ ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជា ហេតុសាបសូន្យហើយ ។