សំវរសូត្រទី ៥

ក្បាលទី 22 · ទំព័រ 499

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវការសង្រួម និង ការមិនសង្រួម ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ការមិនសង្រួម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូប ដែលត្រូវដឹងដោយភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាមគួរត្រេកត្រអាល រមែងមាន បើភិក្ខុត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ចំពោះរូបនោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការសាបសូន្យនោះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រសដែល ត្រូវដឹងដោយអណ្តាត ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវដឹងដោយ ចិត្ត គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ប្រកបដោយកាម គួរ ត្រេកត្រអាល រមែងមាន បើភិក្ខុត្រេកអរ ស្រើបស្រាល ជ្រុលជ្រប់ចំពោះ ធម៌នោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការសាបសូន្យនោះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ ។ ម្នាលភិក្ខុទាំងឡាយ ការមិនសង្រួម យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចំណែកការសង្រួម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបដែលត្រូវដឹងដោយភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរ ពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលរមែងមាន បើ ភិក្ខុមិនត្រេកអរ មិនស្រើបស្រាល មិនជ្រុលជ្រប់ ចំពោះរូបនោះទេ ។