យោគក្ខេមិសូត្រទី ១
ក្បាលទី 22 · ទំព័រ 515
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ ជា ហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេមចាកយោគៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយជាហេតុ របស់បុគ្គលអ្នកមានសេចក្តីក្សេមចាកយោគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបដែលបុគ្គលគប្បីដឹងបានដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃ សេចក្តីត្រេកអរ រូបទាំងនោះ តថាគតបានលះបង់ បានគាស់រម្លើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមាន បែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគតក៏បានប្រាប់នូវ សេចក្តីព្យាយាម ដើម្បីលះបង់នូវរូបទាំងនោះចេញ ព្រោះហេតុនោះ បានជា គេហៅតថាគតថាជាបុគ្គលមានសេចក្តីក្សេមចាកយោគៈ ។