ទុក្ខសមុទយសូត្រទី ៣
ក្បាលទី 22 · ទំព័រ 520
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃទុក្ខ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យនោះ ចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើងនៃទុក្ខ តើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះ ថា ផស្សៈ វេទនាកើតឡើងព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើងព្រោះ វេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើងនៃទុក្ខ ។ បេ ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើងនៃទុក្ខ ។ បេ ។ មនោវិញ្ញាណកើតឡើង ព្រោះ អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ។