បញ្ចសិខសូត្រទី ៦

ក្បាលទី 22 · ទំព័រ 561

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ ចូលមកគាល់ព្រះមាន ព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅ ក្នុងទីដ៏សមគួរ ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយក៏ ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើនហេតុ ដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។