សំយោជនិយធម្មសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសំយោជនិយធម៌ គឺធម៌ជាហេតុកើតឡើងនៃសំយោជនៈផង នូវសំយោជនៈផង ចូរអ្នក ទាំងឡាយប្រុងស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសំយោជនិយធម៌តើដូចម្តេច សំយោជនៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មានរូបដែល គប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះ ហៅថា សំយោជនិយធម៌ ។ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា សំយោជនៈក្នុងចក្ខុសម្ផស្សនោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលគប្បីដឹងដោយអណ្តាត ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ មានធម្មារម្មណ៍ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃ សេចក្តីត្រេកអរ ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងនេះ ហៅថា សំយោជនិយធម៌ ។ សេចក្តីត្រេកត្រអាលណាក្នុងធម្មារម្មណ៍នោះ សេចក្តី ត្រេកត្រអាលនោះ ហៅថា សំយោជនៈក្នុងមនោសម្ផស្សនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវឧបាទានិយធម៌ គឺធម៌ជាហេតុកើតនៃឧបាទានផង នូវឧបាទានផង ចូរអ្នកទាំងឡាយប្រុងស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានិយធម៌ តើដូចម្តេច ឧបាទាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរ ប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុ នៃសេចក្តីត្រេកអរ ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះហៅថាឧបាទានិយធម៌ ។ សេចក្តីត្រេកត្រអាលណាក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា ឧបាទានក្នុងចក្ខុសម្ផស្សនោះ ។