វេសាលីសូត្រទី ១

ក្បាលទី 22 · ទំព័រ 576

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ ឧគ្គគហបតីអ្នកក្រុងវេសាលី ចូលទៅ គាល់ព្រះមានព្រះភាគ ។ បេ ។ លុះឧគ្គគហបតីអ្នកក្រុងវេសាលីអង្គុយក្នុង ទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វី ជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។ ព្រះអង្គត្រាស់ថា ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយភ្នែក ជា រូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តី ចូលចិត្តមាំចំពោះរូបនោះ កាលភិក្ខុនោះត្រេកអរសរសើរ ឋិតនៅដោយសេចក្តី ចូលចិត្តមាំចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវរូបនោះក៏មាន សេចក្តី ប្រកាន់មាំនូវរូបនោះក៏មាន ។