វជ្ជីសូត្រទី ២

ក្បាលទី 22 · ទំព័រ 579

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងហត្ថិគ្រាម ក្នុង ដែនវជ្ជី ។ គ្រានោះ ឧគ្គគហបតីអ្នកហត្ថិគ្រាម បានចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះឧគ្គគហបតីអ្នកហត្ថិគ្រាមអង្គុយក្នុងទីដ៏សមគួរហើយ ក៏បាន ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុង បច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។ ( សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារយ៉ាងនោះចុះ ) ។ ម្នាល គហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយ ពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តបាវារិកម្ពវ័ន ជិតក្រុងនាឡន្ទា ។ គ្រានោះ ឧបាលិគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះឧបាលិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន មួយយ៉ាងទៀត អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យ សត្វទាំងឡាយពួកខ្លះក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។ ( សូត្រមុន យ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារយ៉ាងនោះចុះ ) ។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោក នេះ បរិនិព្វានក្នុងបច្ចុប្បន្ន ។