ឃោសិតសូត្រទី ៦
ក្បាលទី 22 · ទំព័រ 592
សម័យមួយ ព្រះមានព្រះភាគ និងព្រះអានន្ទមានអាយុ គង់ នៅក្នុងវត្តឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះឯង ឃោសិតគហបតី ចូលទៅរកព្រះអានន្ទមានអាយុ ។ បេ ។ លុះឃោសិតគហបតីអង្គុយក្នុងទីដ៏ សមគួរហើយ ក៏ពោលនឹងព្រះអានន្ទមានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ ចម្រើន ព្រះមានព្រះភាគត្រាស់ថា ធាតុផ្សេងៗ គ្នា ធាតុផ្សេងៗ គ្នា បពិត្រ លោកម្ចាស់ដ៏ចម្រើន តើធាតុផ្សេងៗ គ្នា ព្រះមានព្រះភាគត្រាស់ដោយហេតុ យ៉ាងណា ។ ម្នាលគហបតី ចក្ខុធាតុ ១ រូបដែលជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈដែលជាទី តាំងនៃសុខវេទនា ។ ម្នាលគហបតី ចក្ខុធាតុ ១ រូបមិនជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យ ផស្សៈដែលជាទីតាំងនៃទុក្ខវេទនា ។