អដ្ឋកថា វេរហច្ចានិសូត្រទី ១០(វេរហញ្ចានិ)
សម័យមួយ ព្រះឧទាយិមានអាយុ គង់ក្នុងព្រៃស្វាយរបស់ តោទេយ្យព្រាហ្មណ៍ ជិតនគរកាមណ្ឌា ។ គ្រានោះ មាណពជាសិស្សរបស់ ព្រាហ្មណី ឈ្មោះវេរហញ្ចានិគោត្តា បានចូលទៅរកព្រះឧទាយិមានអាយុ លុះ ចូលទៅដល់ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះ មាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ បានពន្យល់ឲ្យ ឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ។ លំដាប់នោះ មាណពដែលព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកអំពី អាសនៈ ហើយចូលទៅរកវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ ហើយ ក៏បានពោលនឹងវេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើនគួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌មានលម្អ បទដើម មានលំអបទកណ្តាល មានលម្អបទចុង ប្រកាសព្រហ្មចរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ។ នែមាណព បើដូច្នោះ អ្នកចូរទៅនិមន្តសមណៈឧទាយិដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង ។ មាណពនោះ ទទួលស្តាប់ពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងជាម្ចាស់ ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះ ចូលទៅដល់ បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា សូមព្រះឧទាយិដ៏ ចម្រើនទទួលភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយារបស់អាចារ្យនៃខ្ញុំព្រះករុណា ។