អន្តេវាសិកសូត្រទី ៦

ក្បាលទី 22 · ទំព័រ 651

ក្នុងអន្តេវាសិកសូត្រទី ៦ ជាដើម មានវិនិច្ឆ័យដូចតទៅនេះ បទថា អនន្តេវាសិកំ បានដល់ វៀរចាកកិលេសដែលនៅខាងក្នុង ។ បទថា អនាចរិយកំ បានដល់ វៀរចាកកិលេសដែលមកអំពីខាងក្រៅ ។ បទថា អន្តស្ស វសន្តិ បានដល់ រមែងនៅខាងក្នុងរបស់បុគ្គលនោះ ។ បទថា តេ នំ សមុទាចរន្តិ សេចក្តីថា អកុសលធម៌ទាំងនោះ រមែងគ្របសង្កត់ លិចលង់បុគ្គលនោះ ឬឲ្យបុគ្គលនោះសិក្សា កិលេសទាំងនោះឈ្មោះថា ជា អាចារ្យរបស់បុគ្គលនោះ ដោយអត្ថថា អប់រំ ពោល គឺឲ្យសិក្សាដូច្នេះថា ចូរ ធ្វើវេជ្ជកម្មយ៉ាងនេះ ចូរធ្វើទូតកម្មយ៉ាងនេះ ។ កិលេសទាំងនេះ រមែងឈ្មោះ ថា ជាអាចារ្យដូច្នេះ ។ អធិប្បាយថា ភិក្ខុដែលជាអាចារ្យទាំងនោះ ធ្វើឲ្យ ជ្រះថ្លា ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបដោយន័យដូចពោលហើយ នោះឯង ។ ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចពោលហើយនោះឯង ។ អដ្ឋកថា អន្តេវាសិកសូត្រជាដើម ចប់