អត្ថិនុខោបរិយាយសូត្រទី ៨

ក្បាលទី 22 · ទំព័រ 652

បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ពួកយើងខ្ញុំ មានព្រះមានព្រះភាគជាបឫសគល់ មានព្រះមាន ព្រះភាគជាអ្នកដឹកនាំ មានព្រះមានព្រះភាគជាទីពឹងពំនាក់ ។ បពិត្រព្រះអង្គ ដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ បំភ្លឺសេចក្តីនៃ ភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ហើយ នឹងចងចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្តាប់ ចូរយកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ពួកភិក្ខុ ទាំងនោះក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ហេតុដែល ភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែង សេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីពេញចិត្តតាមការយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថាជាតិអស់ហើយ ព្រហ្មចរិយៈអាត្មាអញ បាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ច ដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ក៏មានដែរ ។