អដ្ឋកថា កោដ្ឋិកអនិច្ចសូត្រទី ៧

ក្បាលទី 22 · ទំព័រ 669

គ្រានោះឯង ព្រះមហាកោដ្ឋិកៈមានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គបានស្តាប់ធម៌ ព្រះមានព្រះភាគហើយ នឹងជាបុគ្គល ម្នាក់ឯង ចៀសចេញអំពីពួក ជាអ្នកមិនប្រមាទ ព្យាយាមដុតកម្តៅកិលេស បញ្ជូនចិត្តទៅរកព្រះនិព្វាន ។ ម្នាលកោដ្ឋិកៈ របស់ណាមិនទៀង ត្រូវអ្នក លះបង់សេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ ។ ម្នាលកោដ្ឋិកៈ របស់អ្វីដែលមិន ទៀង ។ ម្នាលកោដ្ឋិកៈ ចក្ខុមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុ នោះចេញ ។ រូបមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ ។ ចក្ខុវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះ ចេញ ។