អជ្ឈត្តបច្ចុប្បន្នយទនិច្ច សូត្រទី ៣៩

ក្បាលទី 22 · ទំព័រ 352

ក្នុងសារុប្បសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា សព្វមញ្ញិតសមុគ្ឃាតសារុប្បំ សេចក្តីថា សមគួរដល់បដិបត្តិ ដែលនឹងដកនូវ សេចក្តីសម្គាល់ដោយតណ្ហា មានះ និងទិដ្ឋិទាំងអស់ ។ បទថា ឥធ បាន ដល់ ក្នុងសាសនានេះ ។ បទថា ចក្ខុំ ន មញ្ញតិ សេចក្តីថា រមែងមិន សម្គាល់ចក្ខុ ថាអញ ថារបស់អញ ឬអ្នកដទៃ របស់អ្នកដទៃ ។ បទថា ចក្ខុស្មឹ ន មញ្ញតិ សេចក្តីថា រមែងមិនសម្គាល់ថាអញ មានសេចក្តីកង្វល់ ក្នុងចក្ខុ គឺមានសេចក្តីកង្វល់ដោយកិលេសជាគ្រឿងកង្វល់ក្នុងចក្ខុរបស់ខ្លួន មានសេចក្តីកង្វល់ដោយកិលេស ជាគ្រឿងកង្វល់ក្នុងចក្ខុរបស់អ្នកដទៃ ។ បទថា ចក្ខុតោ ន មញ្ញតិ សេចក្តីថា រមែងមិនសម្គាល់យ៉ាងនេះថា អាត្មាអញ ប្រាសចាកចក្ខុ មានសេចក្តីកង្វល់ដោយកិលេសជាគ្រឿងកង្វល់ថា អញ ប្រាសចាកចក្ខុ ប្រាសចាកចក្ខុរបស់អ្នកដទៃ គឺសេចក្តីកង្វល់ដោយកិលេស ជា គ្រឿងកង្វល់ ប្រាសចាកចក្ខុរបស់អ្នកដទៃ អធិប្បាយថា មិនធ្វើសេចក្តី សម្គាល់ដោយតណ្ហា មានះ និងទិដ្ឋិណាមួយឲ្យកើតឡើង ។ បទថា ចក្ខុំ មេតិ ន មញ្ញតិ សេចក្តីថា មិនសម្គាល់ថា ចក្ខុរបស់អញ អធិប្បាយថា មិនធ្វើសេចក្តីសម្គាល់ដោយតណ្ហា ដែលជាអត្តារបស់អញឲ្យកើតឡើង ។ ពាក្យដ៏សេសងាយយល់ទាំងអស់ហើយ ។ ក្នុងព្រះសូត្រនេះ ត្រាស់វិបស្សនា ឲ្យសម្រេចអរហត្ត ក្នុងឋានៈ ១៤៤ ។