កុម្មោបមសូត្រទី ៣ - អណ្តើកសង្កល់រកចំណី [៣១៨]

ក្បាលទី 22 · ទំព័រ 780

ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា មានអណ្តើក សង្កល់មួយ ខ្វល់ខ្វាយរកចំណីតាមឆ្នេរស្ទឹង ក្នុងសាយ័ណ្ហសម័យ ។ ម្នាល ភិក្ខុទាំងឡាយ ឯសត្វចចកក៏ខ្វល់ខ្វាយរកចំណីតាមឆ្នេរស្ទឹង ក្នុងសាយ័ណ្ហសម័យដែរ ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកសង្កល់បានឃើញចចក ខ្វល់ខ្វាយ រកចំណីអំពីចម្ងាយ លុះឃើញហើយ ក៏ពន្លឹបនូវអវ័យវៈទាំងឡាយមាន ក្បាលជាគម្រប់ ៥ ចូលក្នុងស្នូករបស់ខ្លួន មានសេចក្តីខ្វល់ខ្វាយតិច ស្ងៀម សម្ងំនៅ ។ ម្នាលភិក្ខុទាំងឡាយ ឯចចកបានឃើញអណ្តើកសង្កល់ខ្វល់ខ្វាយ រកចំណីអំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកអណ្តើកសង្កល់ លុះចូលទៅ ដល់ហើយ ក៏ឈរនៅក្នុងទីចំពោះមុខអណ្តើកសង្កល់ ។ ចចកនោះគិត ថា កាលណាអណ្តើកសង្កល់នេះលៀន អវ័យវៈទាំងឡាយមានក្បាលជា គម្រប់ ៥ អវ័យវៈណាៗ ចេញមកក៏ដោយ អញនឹងខាំទាញអវ័យវៈនោះ មកស៊ីក្នុងទីនេះឯង ក្នុងកាលណោះ ។