ទុតិយទារុក្ខន្ធោបមសូត្រទី ៥

ក្បាលទី 22 · ទំព័រ 809

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងកិម្មិលា ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញកំណាត់ឈើដ៏ធំ កំពុង អណ្តែតតាមខ្សែទឹកទន្លេគង្គា លុះទតឃើញហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញកំណាត់ឈើធំឯណោះ កំពុងអណ្តែតតាមខ្សែទឹកទន្លេគង្គាដែរឬ ។ ព្រះករុណា ព្រះអង្គ ។ បេ ។ កាល ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកិម្មិលៈមានអាយុ បានក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ ។ បេ ។ ម្នាលកិម្មិលៈ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច ។ ម្នាល កិម្មិលៈ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិជាគ្រឿងសៅហ្មងណាមួយ មិនបាន ចេញចាកអាបត្តិតាមសភាពសមគួរ ម្នាលកិម្មិលៈ នេះហៅថា បុគ្គលមាន សភាពស្អុយខាងក្នុង ។