កឹសុកោបមសូត្រទី ៨
ក្បាលទី 22 · ទំព័រ 847
គ្រានោះ ភិក្ខុមួយរូបចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ ហើយ បានពោលនឹងភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏ បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើង និងសូន្យទៅ នៃផស្សាយតនៈទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អរបស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង ។ គ្រានោះឯង ភិក្ខុនោះមិនពេញចិត្ត ដោយពាក្យ ដោះស្រាយប្រស្នារបស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅ ដល់ហើយ បានពោលនឹងភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅនៃឧបាទានក្ខន្ធទាំង ៥ ក្នុង កាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមានដោយហេតុនេះឯង ។