អដ្ឋកថា យវកលាបិសូត្រទី ១១
ក្នុងយវកលាបិសូត្រទី ១១ មានវិនិច្ឆ័យដូចតទៅនេះ បទថា យវកលាបិ បានដល់ កណ្តាប់ស្រូវដំណើប ដែលគេច្រូត ។ បទថា ព្យាភង្គិហត្ថា សេចក្តីថា មានដងរែកក្នុងដៃ ។ បទថា ឆហិ ព្យាភង្គីហិ ហនេយ្យុំ សេចក្តីថា វាយដោយដងរែកក្រាស់ៗ ៦ ។ បទថា សត្តមោ សេចក្តីថា កាលមនុស្សទាំង ៦ នោះច្រកស្រូវដំណើប ពេញបាវហើយ បុរសទី ៧ ក៏មកទៀត ។ បទថា សុហតតរា អស្ស សេចក្តីថា បុរសនោះ វាយឲ្យបែកដើម្បី កាន់យកវត្ថុដែលនៅសល់ក្នុងកណ្តាប់នោះ សូម្បីត្រឹមតែអង្កាម និងចំបើង ។ បទថា ឯវមេវ ខោ នេះ អធិប្បាយថា អាយតនៈ ៦ គប្បីឃើញដូច ផ្លូវធំដែលមានមុំ ៤ សត្វដែលជាម្ចាស់នៃអាយតនៈ គប្បីឃើញដូចកណ្តាប់ ស្រូវដំណើបដែលគរត្រង់ផ្លូវបែកជា ៤ ។ អារម្មណ៍ ១៨ គឺឥដ្ឋារម្មណ៍ ៦ អនិដ្ឋារម្មណ៍ ៦ មជ្ឈត្តារម្មណ៍ ៦ គប្បីឃើញដូចដងរែកទាំង ៦ កិលេសដែលប្រាថ្នាភព គប្បីឃើញដូច ដងរែកទី ៧ កណ្តាប់ស្រូវដំណើបដែលគរត្រង់ផ្លូវបែកជា ៤ រមែងត្រូវ ដងរែក ៦ វាយ យ៉ាងណា សត្វទាំងឡាយក៏ដូច្នោះដូចគ្នា ត្រូវកំណាត់ឈើ គឺអារម្មណ៍ទាំង ១៨ ប៉ះខ្ទប់ត្រង់អាយតនៈទាំង ៦ ។ សត្វទាំងឡាយត្រូវ កិលេសដែលប្រាថ្នាភពប៉ះខ្ទប់ដល់កំរិតហើយ សោយទុក្ខ មានភពជាមូល ដូចសត្វដែលត្រូវដងរែកទី ៧ វាយឲ្យបែកខ្ទេចខ្ទី ដូច្នោះ ។