ទេវាសុរសង្គាមសូត្រ
ម្នាលភិក្ខុទាំងឡាយ រឿងពីព្រេងនាយធ្លាប់មានមកថា សង្រ្គាមនៃអសុរ មួយអន្លើដោយទេវតា ជាសង្រ្គាមប្រទល់កេកោគ្នាហើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទឈ្មោះវេបចិត្តិ ហៅអសុរទាំងឡាយ មកថា នែពួកយើងរាល់គ្នា បើសង្រ្គាមនៃអសុរ មួយអន្លើដោយពួកទេវតា ជាសង្រ្គាមប្រទល់កេកោគ្នាហើយ បើពួកអសុរឈ្នះ ពួកទេវតាចាញ់ អ្នក ទាំងឡាយ គប្បីចងសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយនោះ ដោយ ចំណងទាំងឡាយ មានចំណងកជាគម្រប់ ៥ ហើយនាំមកកាន់អសុរបុរី ក្នុង សម្នាក់នៃយើង ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវរាជ ជាកំពូល នៃទេវតាទាំងឡាយ ត្រាស់ហៅទេវតាទាំងឡាយ ជាន់តាវត្តិង្សមកថា នែពួកយើង រាល់គ្នា កាលបើសង្រ្គាមនៃអសុរ មួយអន្លើដោយទេវតា មកប្រទល់ កេកោគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ អ្នកទាំងឡាយ ត្រូវចង អសុរិន្ទ ឈ្មោះវេបចិត្តិនោះ ដោយចំណងមានចំណង-ក ជាគម្រប់ ៥ ហើយ នាំមកកាន់ទេវសភា ឈ្មោះសុធម្មា ក្នុងសម្នាក់នៃយើង ។ ម្នាលភិក្ខុទាំងឡាយ ឯក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ ។ ម្នាលភិក្ខុ ទាំងឡាយ គ្រានោះឯង ទេវតាឋានតាវត្តិង្ស ចាប់ចងវេបចិត្តិអសុរិន្ទ ដោយ ចំណងទាំងឡាយ មានចំណង-កជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះសុធម្មា ក្នុងសម្នាក់នៃសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បានឮថា ក្នុងសង្រ្គាមនោះ វេបចិត្តិអសុរិន្ទ ជាប់ដោយចំណងទាំងឡាយ មានចំណង-កជាគម្រប់ ៥ មែន ។