បហានសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 5
ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះរាគានុស័យ ( អនុស័យ គឺតម្រេក ) ក្នុង សុខវេទនាចេញ ត្រូវលះបដិឃានុស័យ ( អនុស័យ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត ) ក្នុងទុក្ខវេទនាចេញ ត្រូវលះអវិជ្ជានុស័យ ( អនុស័យ គឺសេចក្តីល្ងង់ ) ក្នុង អទុក្ខមសុខវេទនាចេញ ។ ម្នាលភិក្ខុទាំងឡាយ រាគានុស័យ ក្នុងសុខវេទនា ដែលភិក្ខុលះបង់បានហើយ បដិឃានុស័យក្នុងទុក្ខវេទនា ដែលភិក្ខុលះបង់បាន ហើយ អវិជ្ជានុស័យក្នុងអទុក្ខមសុខវេទនា ដែលភិក្ខុលះបង់បានហើយ ក្នុង កាលឯណា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថាអ្នកឃើញច្បាស់នូវអនុស័យ ដែលគ្មានរាគៈ ភិក្ខុនោះបានកាត់បង់នូវតណ្ហា គាស់រម្លើងនូវសញ្ញោជនៈ បាន ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងដោយប្រពៃនូវមានះ ។