បឋមគេលញ្ញសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 19

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគចេញអំពីទី ពួនសម្ងំក្នុងពេលល្ងាច ស្តេចទៅកាន់គិលានសាលា ( រោងជំងឺ ) លុះស្តេច ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមានសតិដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺ ពាក្យប្រៀនប្រដៅរបស់តថាគតចំពោះអ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានសតិ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញកាយក្នុងកាយជា ប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់ បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ក្នុងវេទនាទាំងឡាយ ។ បេ ។ ក្នុងចិត្ត ។ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរ ទៅខាងមុខ និងថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅ ខាងមុខ និងកាលក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការ បត់អវ័យវៈចូល និងលាអវ័យវៈចេញ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការប្រើប្រាស់ សង្ឃាដី បាត្រ និងចីពរ ធ្វើនូវសេចក្តីដឹងខ្លួនក្នុងការបរិភោគភោជន និងផឹក ទឹក ទំពាស៊