អដ្ឋកថា បឋមគេលញ្ញសូត្រ ទី ៧
ក្នុងបឋមគេលញ្ញសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា យេន គិលានសាលា តេនុបសង្កមិ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា ភិក្ខុទាំងឡាយគិតថា តថាគតជាអគ្គបុគ្គលក្នុងលោក ព្រមទាំង ទេវលោក គង់ទ្រង់ទៅឧបដ្ឋាកអ្នកជំងឺ ពួកភិក្ខុអ្នកឈឺ ឈ្មោះថា ភិក្ខុគួរ ទំនុកបម្រុង កាន់យកហើយ និងសម្គាល់ពួកភិក្ខុឈឺ ដែលភិក្ខុគួរទំនុកបម្រុង ដូច្នេះ ភិក្ខុពួកណា ជាអ្នកមានកម្មដ្ឋានជាសប្បាយក្នុងទីនោះ តថាគតនឹង ប្រាប់កម្មដ្ឋានដល់ភិក្ខុទាំងនោះ ដូច្នេះ ទើបយាងចូលទៅរក ។ ខ្ញុំនឹងពោល បទដែលលោកបានពោលក្នុងបទជាដើមថា កាយេ កាយានុបស្សី នោះ ខាងមុខ ។ បទថា អនិច្ចានុបស្សី គឺពិចារណាឃើញការមិនទៀង ។ បទថា វយានុបស្សី គឺពិចារណាឃើញការវិនាស ។ បទថា វិរាគានុបស្សី គឺ ពិចារណាឃើញការប្រាសចាកតម្រេក ។ បទថា និរោធានុបស្សី គឺពិចារណាឃើញនូវការរលត់ ។ បទថា បដិនិស្សគ្គានុបស្សី គឺពិចារណាឃើញ ការលះបង់ ។ សួរថា ធម៌អ្វី ដែលព្រះមានព្រះភាគទ្រង់សម្តែងហើយ ដោយពាក្យមាន ប្រមាណបុណ្ណេះ ។ ឆ្លើយថា បដិបទាជាគ្រឿងសម្រេចនៃភិក្ខុនេះ សូម្បី សតិប្បដ្ឋាន រមែងជាចំណែកខាងដើមតែម្យ៉ាង ។ អនុបស្សនាទាំង ៣ នេះ គឺអនិច្ចានុបស្សនា វយានុប្សនា វិរាគានុបស្សនា ក្នុងសម្បជញ្ញៈ រមែងជា ចំណែកខាងដើមតែម្យ៉ាង ។ និរោធានុបស្សនា និងបដិនិស្សគ្គានុបស្សនាទាំង ២ នេះ រមែងជាមិស្សក គឺលាយឡំគ្នា ។ ព្រះមានព្រះភាគទ្រង់សម្តែងដល់ វេលាភាវនាសម្រាប់ភិក្ខុនេះ ដោយហេតុប្រមាណបុណ្ណេះ ។ ពាក្យដ៏សេសមាន ន័យដូចពោលហើយនោះឯង ។