អនិច្ចសូត្រ ទី ៩
ក្បាលទី 23 · ទំព័រ 30
ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះមិនទៀង ដែល បច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសាបសូន្យទៅជាធម្មតា មានការប្រាសចាកតម្រេកជាធម្មតា មានការរលត់ ទៅជាធម្មតា ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាង នេះឯង ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យ ទើប កើតឡើង មានការអស់ទៅជាធម្មតា មានការសាបសូន្យទៅជាធម្មតា មាន ការប្រាសចាកតម្រេកជាធម្មតា មានការរលត់ទៅជាធម្មតា ។