ទុតិយសម្ពហុលសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 47

គ្រានោះឯង ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច ហេតុជាទីកើតឡើងនៃវេទនាដូចម្តេច សេចក្តីរលត់ទៅនៃវេទនាដូចម្តេច បដិបទាជាហេតុឲ្យដល់នូវការរលត់ទៅនៃវេទនាដូចម្តេច អានិសង្សនៃវេទនា ដូចម្តេច ទោសនៃវេទនាដូចម្តេច ការរលាស់ចេញនូវវេទនាដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មាន ព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាវេទនា ។ ព្រោះកើតឡើងនៃផស្សៈ ( បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ ដូចសូត្រមុនៗ ផងចុះ ) ។