បុព្វសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 70
ម្នាលភិក្ខុទាំងឡាយ កាលពីដើមដែលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់សម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះដូច្នេះថា វេទនា ដូចម្តេច ហេតុជាទីកើតឡើងនៃវេទនាដូចម្តេច បដិបទាជាហេតុឲ្យដល់នូវការកើតឡើង នៃវេទនាដូចម្តេច ការរលត់ទៅនៃវេទនាដូចម្តេច បដិបទាជាហេតុឲ្យ ដល់នូវការរលត់ទៅនៃវេទនាដូចម្តេច អានិសង្សនៃវេទនាដូចម្តេច ទោសនៃ វេទនាដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះដូច្នេះទៀតថា វេទនាទាំងឡាយនេះមាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ នេះហៅថាវេទនា ។ ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ តណ្ហាជាបដិបទាជាហេតុ ឲ្យដល់នូវការកើតឡើងនៃវេទនា ។ បេ ។ ការបន្ទោបង់នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈក្នុងវេទនាឯណា នេះជាការរលាស់ចេញនូវវេទនា ។