បឋមសមណព្រាហ្មណសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយនេះមាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនាទាំង ៣ នេះ តាមពិត ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ទេ មួយវិញទៀត លោកដ៏មានអាយុទាំងនោះមិនទាន់បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញាដ៏ ឧត្តមដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុងបច្ចុប្បន្ន សម្រេច សម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ បុន្តែ ពួកសមណៈ ឬព្រាហ្មណ៍ឯណានី មួយ បានដឹងច្បាស់នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវ អានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនាទាំង ៣ នេះ តាមពិត ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាជា សមណៈក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង ។ មួយវិញទៀត លោកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុង បច្ចុប្បន្ន សម្រេចសម្រាន្តនៅ ។