និរាមិសសូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 80

ម្នាលភិក្ខុទាំងឡាយ បីតិប្រកបដោយអាមិសក៏មាន បីតិមិន ប្រកបដោយអាមិសក៏មាន ម្នាលភិក្ខុទាំងឡាយ បីតិប្រាសចាកអាមិសដ៏លើស ជាងបីតិដែលមិនប្រកបដោយអាមិសទៅទៀតក៏មាន សេចក្តីសុខប្រកបដោយ អាមិសក៏មាន សេចក្តីសុខមិនប្រកបដោយអាមិសក៏មាន សេចក្តីសុខប្រាសចាក អាមិសដ៏លើសជាងសេចក្តីសុខ ដែលមិនប្រកបដោយអាមិសក៏មាន ឧបេក្ខាប្រកបដោយអាមិសក៏មាន ឧបេក្ខាមិនប្រកបដោយអាមិសក៏មាន ឧបេក្ខា ប្រាសចាកអាមិសដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិសក៏មាន វិមោក្ខប្រកបដោយអាមិសក៏មាន វិមោក្ខមិនប្រកបដោយអាមិសក៏មាន វិមោក្ខប្រាសចាកអាមិសដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះបីតិប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណទាំង ៥ នេះឯង ។ កាមគុណទាំង ៥ យ៉ាង តើដូចម្តេច ។ គឺរូបទាំងឡាយដែលគប្បីដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ។ បេ ។ ផោដ្ឋព្វៈទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បីតិឯណាដែលកើតឡើង ព្រោះអាស្រ័យកាមគុណទាំង ៥ នេះ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា បីតិប្រកបដោយអាមិស ។