អដ្ឋកថា បញ្ចវេរសូត្រ ទី ១៤
ឧទ្ទាននៃបេយ្យាលវគ្គនោះ គឺ និយាយអំពីមាតុគ្រាមជាទីពេញចិត្ត និងមិនជាទីពេញចិត្ត របស់បុរស ២ លើក អំពីអាវេណិកទុក្ខ ១ អំពី មាតុគ្រាមប្រកបដោយធម៌ ៣ យ៉ាង ១ អំពីព្រះអនុរុទ្ធ ១ អំពីមាតុគ្រាមក្រោធ ១ ចងគំនុំ ១ ច្រណែន ១ កំណាញ់ ១ ។ អំពីមាតុគ្រាមប្រព្រឹត្តក្បត់ចិត្តប្តី ១ ទ្រុស្តសីល ១ ជាអ្នកមិនចេះដឹង ១ មានសេចក្តីខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ វេរា ៥ យ៉ាង ១ ដែល ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ ក្នុងកណ្ហបក្ខ ( ចំណែកខ្មៅ ) ចំពោះព្រះអនុរុទ្ធ ។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ។ បេ ។ លុះព្រះអនុរុទ្ធដ៏មានអាយុអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបាន ឃើញដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ កាលបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ បពិត្រព្រះអង្គដ៏ចម្រើន មាតុគ្រាមប្រកបដោយធម៌បុន្មានយ៉ាង លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ម្នាល អនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មិនក្រោធ ១ មានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌