វឌ្ឍីសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 112

ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលបើចម្រើនដោយ សេចក្តីចម្រើន ៥ យ៉ាងហើយ តែងចម្រើន ដោយសេចក្តីចម្រើនដ៏ប្រសើរ ឈ្មោះថា ជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យដ៏ប្រសើររបស់ កាយបាន ។ សេចក្តីចម្រើន ៥ យ៉ាង គឺអ្វីខ្លះ ។ គឺចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើនដោយសុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើន ដោយបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកាកាលបើចម្រើនដោយ សេចក្តីចម្រើនទាំង ៥ យ៉ាងនេះហើយ តែងចម្រើនដោយសេចក្តីចម្រើនដ៏ ប្រសើរ ឈ្មោះថាជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យដ៏ប្រសើរ របស់កាយបាន ។ អរិយសាវិការមែងចម្រើនដោយសទ្ធាផង ដោយសីល ផង ដោយបញ្ញាផង និងចម្រើនដោយហេតុទាំងពីរ គឺចាគៈផង សុតៈផង ឧបាសិកាមានសីលបែបនោះ រមែងកាន់យកនូវទ្រព្យមានខ្លឹមរបស់ខ្លួនក្នុងលោកនេះ ដោយពិត ។ សូត្រទី ១០ ចប់ មាតុគ្គាមពលវគ្គទី ២ ចប់ ៥ ឧទ្ទាននៃមាតុគ្គាមពលវគ្គនោះ គឺ និយាយអំពីមាតុគ្រាម ប្រកបដោយកម្លាំងប្រាំ ជាអ្នក ក្លៀវក្លា ១ អំពីមាតុគ្រាមបង្រ្គបប្តី ១ អំពីមាតុគ្រាម គ្របសង្កត់ប្តី ១ អំពីមាតុគ្រាមប្រកបដោយអង្គ ១ អំពី ពួកញាតិឲ្យមាតុគ្រាមវិនាសជាគម្រប់ប្រាំ ១ អំពីហេតុ ១ អំពីស្ថាន ២ លើក អំពីមាតុគ្រាមក្លៀវក្លា ១ អំពី អរិយសាវិកាចម្រើនដោយសេចក្តីចម្រើន ១ រួមត្រូវ ជា ១០ ។ មាតុគ្គាមសំយុត្ត ចប់