អដ្ឋកថា អាកិញ្ចញ្ញាយតនបញ្ហាសូត្រ ទី ៧
គេតែងនិយាយថា ទុតិយជ្ឈានៗ ទុតិយជ្ឈាន តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈអស់ហើយ ក៏ដល់នូវទុតិយជ្ឈានជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្ត ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ នេះហៅថា ទុតិយជ្ឈាន ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះរម្ងាប់នូវវិតក្ក និងវិចារៈអស់ហើយ ក៏ដល់ នូវទុតិយជ្ឈានជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការដែលប្រកបដោយវិតក្កដ៏ផុសផុលឡើង ។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំដោយឫទ្ធិ ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លានៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែសនឹងទុតិយជ្ឈាន អ្នកចូរតម្កល់ចិត្តក្នុងទុតិយជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយក្នុងទុតិយជ្ឈាន ចូរតម្កល់ចិត្តក្នុងទុតិយជ្ឈាន ។ ម្នាលអាវុសោទាំងឡាយ ក្នុង សម័យដទៃទៀត ខ្ញុំ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈអស់ហើយ បានដល់នូវ ទុតិយជ្ឈានជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខកើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ។