អដ្ឋកថា បឋមឥសិទត្តសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 180

ក្នុងបឋមឥសិទត្តសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អាយស្មន្តំ ថេរំ គឺព្រះមហាថេរៈដែលជាធំ ក្នុងបណ្តាព្រះថេរៈទាំងនោះ ។ បទថា តុណ្ហី អហោសិ សេចក្តីថា ព្រះថេរៈសូម្បីដឹងក៏មិនព្យាករ វត្ថុណាមួយ ព្រោះមិនក្លាហាន ។ បទថា ព្យាករោមហំ ភន្តេ សេចក្តីថា ព្រះឥសិទត្តគិតថា ព្រះថេរៈនេះរមែងមិនព្យាករដល់ខ្លួន ។ ព្រះថេរៈនេះរមែងមិននិមន្ត ចំណែក ឧបាសករមែងបៀតបៀនភិក្ខុសង្ឃ អញព្យាករបញ្ញានោះរួច នឹងធ្វើនូវផាសុក ឲ្យ ដូច្នេះ ក្រោកចាកអាសនៈ ទៅកាន់សម្នាក់របស់ព្រះថេរៈ បានធ្វើឱកាស យ៉ាងនេះហើយ ឯព្រះថេរៈមានឱកាសដែលខ្លួនធ្វើហើយ អង្គុយលើអាសនៈ របស់ខ្លួន ហើយព្យាករ ។ បទថា សហត្ថា គឺដោយដៃរបស់ខ្លួន ។ បទថា សន្តប្បេសិ សេចក្តីថា ឲ្យឆ្អែតស្កប់ស្កល់ដោយល្អតាមប្រាថ្នា ។ បទថា សប្បវារេសិ សេចក្តីថា ឲ្យព្រះថេរៈទាំងឡាយហាមដោយហត្ថសញ្ញា ឬវាចាថា បានហើយៗ ដូច្នេះ ។ បទថា ឱនីតបត្តបណិនោ សេចក្តី ថា ដកដៃចេញអំពីបាត្រ លាងបាត្រហើយ ទើបដាក់ក្នុងស្លោក ពាក់ត្រង់ ស្មា ដូច្នេះ ។