ទុតិយកាមភូសូត្រ ទី ៦
សម័យមួយ ព្រះកាមភូដ៏មានអាយុគង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា ។ គ្រានោះ ចិត្តគហបតីចូលទៅរកព្រះកាមភូដ៏មានអាយុ លុះ ចូលទៅដល់ ក៏ថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះកាមភូដ៏មាន អាយុដូច្នេះថា បពិត្រព្រះករុណាដ៏ចម្រើន សង្ខារមានបុន្មានទៅហ្ន៎ ។ ម្នាល គហបតី សង្ខារមាន ៣ គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ ។ ចិត្តគហបតីត្រេកអរអនុមោទនានឹងភាសិតរបស់ព្រះកាមភូ ដ៏មានអាយុថា ប្រពៃហើយលោកម្ចាស់ ហើយក៏សួរនូវប្រស្នានឹងព្រះកាមភូ ដ៏មានអាយុតទៅទៀតថា បពិត្រព្រះករុណាដ៏ចម្រើន ចុះកាយសង្ខារ តើដូចម្តេច វចីសង្ខារដូចម្តេច ចិត្តសង្ខារដូចម្តេច ។ ម្នាលគហបតី ខ្យល់ដង្ហើម ចេញចូល ហៅថា កាយសង្ខារ សេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅ ថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ ។ ចិត្តគហបតីពោលថា ប្រពៃហើយលោកម្ចាស់ ហើយក៏ សួរប្រស្នាតទៅទៀតថា បពិត្រព្រះករុណាដ៏ចម្រើន ចុះព្រោះហេតុអ្វី បានជា ខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ ព្រោះហេតុអ្វីបានជាសេចក្តីត្រិះរិះ និងសេចក្តីពិចារណា ហៅថា វចីសង្ខារ ព្រោះហេតុអ្វី បានជាសញ្ញា និង វេទនា ហៅថា ចិត្តសង្ខារ ។ ម្នាលគហបតី ខ្យល់ដង្ហើមចេញចូលប្រព្រឹត្តទៅក្នុង កាយ ធម៌ទាំងនុ៎ះជាប់ចំពោះដោយកាយ ព្រោះហេតុនោះ បានជាខ្យល់ ដង្ហើមចេញចូល ហៅថា កាយសង្ខារ ។ ម្នាលគហបតី បុគ្គលត្រិះរិះពិចា-