អដ្ឋកថា គោទត្តសូត្រ ទី ៧
បទថា រាគោ ខោ ភន្តេ កិញ្ចនំ សេចក្តីថា រាគៈកើតឡើងហើយ រមែងកង្វល់ ញាំញី រមែងចងនូវ បុគ្គល ព្រោះដូច្នោះ ទើបលោកហៅថា កិញ្ចនំ គឺកិលេសជាគ្រឿងកង្វល់ ។ បានឮថា ពួកមនុស្សឲ្យគោទាំងឡាយជាន់លាន និងពោលថា អាក្រហមបត់ អាខ្មៅបត់ គប្បីជ្រាបថា រាគៈ មានអត្ថថា ញាំញី មានអត្ថថា កង្វល់ ។ ក្នុងទោសៈ និងមោហៈ ក៏មានន័យនេះដូចគ្នា ។ ធម៌ ៩ គឺអាកិញ្ចញ្ញាយតនៈ ១ មគ្គ ៤ ផល ៤ ឈ្មោះថា អាកិញ្ចញ្ញាចេតោវិមុត្តិ ។ ក្នុងធម៌ទាំងនោះ អាកិញ្ចញ្ញាយតនៈ ឈ្មោះថា អាកិញ្ចញ្ញៈ ព្រោះមិនមានកិលេសជាគ្រឿងកង្វល់ជាអារម្មណ៍ ។ មគ្គ និងផល ឈ្មោះ ថា អាកិញ្ចញ្ញៈ ព្រោះកិលេសជាគ្រឿងកង្វល់ គឺកិលេសជាគ្រឿងញាំញី និងជាគ្រឿងចងមិនមាន និព្វានក៏ជាអាកិញ្ចញ្ញៈ តែមិនមែនចេតោវិមុត្តិ ព្រោះ ដូច្នោះ ទើបលោកមិនកាន់យកបទជាដើមថា រាគោ ខោ ភន្តេ និមិត្តករណោ សេចក្តីថា ២ ត្រកូល មានកូនគោពីរ ដូចៗ គ្នា បុគ្គលមិនអាចដឹងបានថា នេះកូនគោរបស់ត្រកូលនេះ នេះកូនគោរបស់ត្រកូលនោះ ដរាបណាបុគ្គល មិនទាន់ធ្វើគ្រឿងចំណាំទុកត្រង់គោទាំងនោះ តែលុះបុគ្គលធ្វើគ្រឿងចំណាំ ឯណានីមួយ មានច្បូបផ្លែ ៣ ជាដើមត្រង់កូនគោទាំងនោះ កាលនោះបុគ្គល រមែងអាចដឹងបាន យ៉ាងណា ដរាបណារាគៈមិនទាន់កើតឡើងដល់បុគ្គល បុគ្គលរមែងមិនអាចដឹងបានថា ជននោះជាព្រះអរិយៈ ឬបុថុជ្ជន លុះណាតែ រាគៈកើតឡើងដល់បុគ្គលនោះ រមែងកើតឡើងដូចធ្វើគ្រឿងសម្គាល់ឲ្យដឹងបាន ថា បុគ្គលនេះ ឈ្មោះថា នៅមានរាគៈ ព្រោះដូច្នោះ ទើបលោកពោលរាគៈ ថា ជាអ្នកធ្វើនិមិត្ត ។