និគណ្ឋនាដបុត្តសូត្រ ទី ៨
ទីមួយកន្លែងជាសុញ្ញតា ក្នុងទីមួយកន្លែង ជាអនិមិត្តា ។ សម័យនោះឯង និគ្គណ្ឋនាដបុត្តបានទៅដល់ដងព្រៃមច្ឆិកា ជាមួយនឹង និគ្រន្ថ ជាបរិសទ្យដ៏ច្រើន ។ ចិត្តគហបតីឮដំណឹងថា និគ្គណ្ឋនាដបុត្ត មកដល់ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថជាបរិសទ្យដ៏ច្រើន ។ គ្រានោះ ចិត្តគហបតី ព្រមទាំងពួកឧបាសកជាច្រើន ចូលទៅរកនិគ្គណ្ឋនាដបុត្ត លុះចូលទៅ ដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយជាមួយនឹងនិគ្គណ្ឋនាដបុត្ត លុះបញ្ចប់ ពាក្យដែលគួររីករាយ គួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះចិត្តគហបតីអង្គុយក្នុងទីដ៏សមគួរហើយ និគ្គណ្ឋនាដបុត្តក៏សួរទៅដូច្នេះថា ម្នាល គហបតី អ្នកជឿពាក្យសមណគោតមថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈ ក៏មាន សេចក្តីរលត់នៃវិតក្ក និងវិចារៈក៏មានឬ ។ បពិត្រលោកដ៏ចម្រើន ខ្ញុំ មិនប្រព្រឹត្តទៅដោយសេចក្តីជឿពាក្យរបស់ព្រះដ៏មានព្រះភាគ ក្នុងហេតុនេះថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្ក និងវិចារៈ ក៏មាន ដូច្នេះទេ ។ កាលបើចិត្តគហបតីពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្តក៏ក្រឡេក មើលបរិសទ្យរបស់ខ្លួនហើយពោលទៅដូច្នេះថា អ្នកដ៏ចម្រើនទាំងឡាយ ចូរ មើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្ស មិនមានកិច្ចកល បុគ្គលឯណា គប្បីសម្គាល់នូវវិតក្ក និងវិចារៈថា ជាធម្មជាត គួររម្លត់បាន បុគ្គលនោះគប្បីសម្គាល់នូវខ្យល់ថា ជារបស់គួរបៀតបៀនបាន ដោយអណ្តាតភ្លើង បុគ្គលឯណាគប្បីសម្គាល់នូវវិតក្ក និងវិចារៈថាជាធម្មជាត គួររម្លត់បាន បុគ្គលនោះគប្បីសម្គាល់នូវខ្សែនៃគង្គាថាជារបស់គួរឃាត់ដោយ ក្តាប់ដៃនៃខ្លួនបានដែរ ។