អដ្ឋកថា និគណ្ឋនាដបុត្តសូត្រ ទី ៨
ក្នុងនិគ្គណ្ឋសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា តេនុបសង្កមិ សេចក្តីថា សួរថា ចិត្តគហបតី ជាអរិយសាវ័ក លំដាប់ អនាគាមិបុគ្គល ជាអ្នកមានអាគមដល់ហើយ ដឹងនូវពាក្យប្រៀនប្រដៅជាក់ច្បាស់ ហើយ ហេតុអ្វី ទើបចូលទៅរកនិគ្រន្ថអាក្រាតកាយ មិនមានកេរ្តខ្មាស ទៅវិញ ឆ្លើយថា ដើម្បីដោះនូវការពោលអាក្រក់ និងដើម្បីការរុងរឿងនៃ វាទៈ ។ បានឮថា ពួកនិគ្រន្ថរមែងចូលទៅពោលដេមោដាមថា ពួកសាវ័ក របស់ព្រះគោតម រឹងត្អឹងដូចដើមគគីរ រមែងមិនធ្វើបដិសណ្ឋារៈជាមួយបុគ្គល ណាឡើយ ចិត្តគហបតីចូលទៅរកហើយ ដើម្បីដោះនូវការពោលអាក្រក់ នោះ និងគិតថា អញនឹងលើកវាទៈជាមួយនិគ្រន្ថនោះ ដូច្នេះ ។ បទថា ន ខ្វាហំ ឯត្ថ ភន្តេ ភគវតោ សទ្ធាយ គច្ឆាមិ លោកសម្តែងថា បុគ្គលណា រមែងធ្វើឲ្យជាក់ច្បាស់នៃញាណ បុគ្គលនោះ គប្បីទៅដោយការជឿចំពោះ បុគ្គលដទៃថា បានឮថា វត្ថុនោះយ៉ាងនោះ តែវត្ថុនោះអាត្មាអញធ្វើឲ្យជាក់ច្បាស់ ហើយដោយញាណ ព្រោះដូច្នោះ ទើបខ្ញុំមិនជឿចំពោះព្រះមានព្រះភាគ ក្នុងសេចក្តីនេះ ដូច្នេះ ទើបពោលយ៉ាងនេះ ។ បទថា អបលោកេត្វា សេចក្តីថា បង្អោនកាយចូលទៅ ទាញពោះ អើត-ក សម្លឹងមើលទៅក្នុងទិសទាំងពួង ។ បទថា ពាធេតព្វំ មញ្ញេយ្យ សេចក្តីថា ចិត្តគហបតីនោះ គប្បីយល់ថា គប្បីហាមខ្យល់ ឬគប្បី ចងដោយសំណាញ់ ដោយប្រការដែលខ្យល់ទៅមិនបាន ដូច្នោះ ។ បទថា សហធម្មិកា គឺព្រមដោយហេតុ ។ បទថា បឋមំ បដិហរេយ្យាសិ សទ្ធឹ និគ្គណ្ឋបរិសាយ សេចក្តីថា កាលលោកដឹងអត្ថនៃ បញ្ញាទាំងនោះហើយ គប្បីប្រាប់និគ្រន្ថបរិស័ទមុន លោកមកកាន់សម្នាក់ របស់ខ្ញុំ ដែលឧបត្ថម្ភហើយ គប្បីប្រកាសឲ្យបរិស័ទដឹងថា ខ្លួនមកហើយ ដូច្នេះ ។