អដ្ឋកថា តាលបុដសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 237

គប្បីជ្រាបវិនិច្ឆ័យក្នុងតាលបុដសូត្រទី ២ ដូចតទៅនេះ បទថា តាលបុដោ គឺគាត់មានឈ្មោះយ៉ាងនោះ ។ បានឮថា មេស្រុក អ្នករបាំម្នាក់ មានពណ៌សម្បុរផូរផង់ដូចផ្លែត្នោតទុំដែលជ្រុះចាកទង ដោយហេតុនោះ ទើប មនុស្សទាំងឡាយដាក់ឈ្មោះថា តាលបុដ ។ តាលបុដនេះដល់ព្រមដោយ អភិនីហារ ជាបុគ្គលកើតក្នុងភពចុងក្រោយ តែធម្មតាបដិសន្ធិប្រាកដប្រជាមិន បាន ដូចអង្កត់ឧសដែលបោះទៅក្នុងអាកាស ដូច្នោះ ព្រោះដូច្នោះ ទើប តាលបុដនេះ កើតក្នុងត្រកូលអ្នករបាំ ចម្រើនវ័យក៏ជាកំពូលខាងនាដសិប្បៈ គឺខាងរាំច្រៀង មានឈ្មោះល្បីទៅ ពេញជម្ពូទ្វីប ។ គាត់មានរទេះ ៥ រយ មានស្រីមេផ្ទះ ៥ រយជាបរិវារ សូម្បីគាត់មានប្រពន្ធចំនួនបុណ្ណោះ ក៏ដល់ ព្រមដោយស្រី ១០០០ នាក់ និងរទេះ ១០០០ គ្រឿង អាស្រ័យនគរ ឬ និគមណាៗ មហាជនក្នុងនគរ ឬនិគមនោះ នាំគ្នាឲ្យទ្រព្យមួយសែនដល់គាត់ មុននោះឯង ។ កាលគាត់តែងខ្លួន សម្តែងមហោស្រព មួយអន្លើដោយស្រី ១០០០ នាក់ មហាជនបោះគ្រឿងប្រដាប់ដៃជើងជាដើមជារង្វាន់ឲ្យ មិនមានទីបំផុត ។ ថ្ងៃមួយ គាត់ហែហមដោយស្រី ១០០០ នាក់ សម្តែងមហោស្រព ក្នុងនគររាជគ្រឹះ ព្រោះមានញាណចាស់ក្លា ព្រមដោយបរិវារទាំងអស់ ចូលទៅ គាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ។ បទថា សច្ចាលិកេន បានដល់ ដោយពាក្យពិតខ្លះ ដោយ ពាក្យកុហកខ្លះ ។ បទថា តិត្ថតេតំ សេចក្តីថា សេចក្តីនោះចូរស្លេះសិន ។ បទថា រជនីយា បានដល់ មាយាកលសម្តែងខ្យល់លាយភ្លៀង បក់អំបោះ ៥ ពណ៌ ចេញអំពីមាត់ ដែលជាបច្ច័យនៃរាគៈ និងន័យដែលក្រៃលែង ឡើងៗ ដទៃ ដែលសម្តែងអាការប្រកបដោយសេចក្តីត្រេកអរក្នុងកាម ។