អដ្ឋកថា អស្សារោហគាមណី សូត្រទី ៥

ក្បាលទី 23 · ទំព័រ 245

យោធាជីវសូត្រជាដើម ក្នុងយោធាជីវសូត្រទី ៣ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅ នេះ បទថា យោធាជីវោ សេចក្តីថា អ្នកចិញ្ចឹមជីវិតដោយការច្បាំង ព្រះធម្មសង្គាហកត្ថេរតាំងឈ្មោះយ៉ាងនេះ ។ បទថា ឧស្សហតិ វាយមតិ បានដល់ ធ្វើនូវសេចក្តីឧស្សាហ៍ និងសេចក្តីព្យាយាម ។ បទថា បរិយាបទេន្តិ បានដល់ ឲ្យដល់នូវសេចក្តីស្លាប់ ។ បទថា ទុក្កដំ បានដល់ ធ្វើ ចិត្តមិនល្អ ។ បទថា ទុប្បណិហិតំ បានដល់ តម្កល់ចិត្តមិនល្អ ។ បទថា សរជិតោ នាម និរយោ សេចក្តីថា សូម្បីនរកឈ្មោះសរជិតនេះ ក៏មិនជា នរកដទៃឯណា តែជាចំណែកនៃអវីចីនោះឯង ដែលពួកអ្នកច្បាំងអាជីព ដែល សៀតអាវុធ ៥ យ៉ាង កាន់ខែលឡើងដំរី សេះ រថ ហាក់ដូចចូលច្បាំងក្នុង សរមភូមិកំពុងឆេះ សេចក្តីនេះ លោកពោលសំដៅយកនរកនោះ ។