ខេត្តូបមសូត្រទី ៧

ក្បាលទី 23 · ទំព័រ 250

បទថា ឧម្មុជ្ជ ប្រែថា ចូរផុសឡើង ។ បទថា ថលមុប្លវ ប្រែថា ចូរឡើងគោក ។ បទថា តត្រ យស្ស សេចក្តីថា ដុំក្រួស ឬអំបែងណា គប្បីមានក្នុងឆ្នាំងនោះ ។ បទថា សក្ខរា វា កថលា វា ប្រែថា ដុំក្រួសក្តី អំបែងក្តី ។ បទថា សា អធោគាមី អស្ស សេចក្តីថា ដុំក្រួស ឬអំបែង នោះ គប្បីលិច គឺគប្បីទៅខាងក្រោម ។ បទថា អធោ គច្ឆ ប្រែថា ចូរទៅ ខាងក្រោម ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា ។ គ្រានោះ អសិពន្ធកបុត្តគាមណី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី ដ៏សមគួរ ។ លុះអសិពន្ធកបុត្តគាមណីអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះដើម្បីប្រយោជន៍ដល់សត្វទាំងពួងមែនឬ ។ ព្រះដ៏មាន ព្រះភាគត្រាស់ថា យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគតជាអ្នកអនុគ្រោះដើម្បី ប្រយោជន៍ដល់សត្វទាំងពួងមែន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះដូចម្តេចបាន ជាចួនកាល ព្រះដ៏មានព្រះភាគសម្តែងធម៌ដល់ជនពួកខ្លះ ដោយអើពើ សម្តែង ធម៌ដល់ជនពួកខ្លះ ដោយមិនអើពើ ។ ម្នាលគាមណី បើដូច្នោះ មានតែ តថាគតនឹងត្រឡប់សួរអ្នកក្នុងដំណើរនេះវិញ ។ អ្នកគាប់ចិត្តយ៉ាងណា គប្បី ដោះប្រស្នានោះយ៉ាងនោះចុះ ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះដូចម្តេច គហបតីអ្នកភ្ជួររាស់ក្នុងលោកនេះ មានស្រែ ៣ គឺស្រែ ១ យ៉ាងល្អ ស្រែ ១ យ៉ាងកណ្តាល ស្រែ ១ យ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ ។