សង្ខធមសូត្រទី ៨
ដើមក្តី រមែងប្រើសន្ទុះស្មើគ្នាទាំងអស់ យ៉ាងណា សូម្បីព្រះពុទ្ធទាំងឡាយ ក៏ដូច្នោះ កាលទ្រង់សម្តែងធម៌ដល់អ្នកស្តាប់ម្នាក់ក្តី ទ្រង់សម្តែងដល់អ្នកស្តាប់ ពីរនាក់ ច្រើននាក់ ដល់ភិក្ខុ ភិក្ខុនីបរិស័ទ ឧបាសកឧបាសិកាបរិស័ទក្តី ដល់ ពួកតិរ្ថិយក្តី ទ្រង់រមែងសម្តែងដោយគោរពទាំងអស់ ។ ទាំងបរិស័ទ ៤ ក៏ មានសទ្ធាកំណត់ចិត្តដើម្បីស្តាប់ ដូច្នោះ ការសម្តែងដល់បរិស័ទទាំង ៤ នោះ ទើបឈ្មោះថា សម្តែងដោយគោរព ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា ។ គ្រានោះ គាមណីឈ្មោះអសិពន្ធកបុត្ត ជាសាវ័ករបស់ និគ្រន្ថ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ លុះ អសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ ត្រាស់សួរដូច្នេះថា ម្នាលគាមណី និគ្គណ្ឋនាដបុត្ត រមែងសម្តែងធម៌ដូចម្តេច ដល់ពួកសាវ័ក ។ បពិត្រព្រះអង្គដ៏ចម្រើន និគ្គណ្ឋនាដបុត្តរមែងសម្តែងធម៌ ដល់ពួកសាវ័កយ៉ាងនេះថា បុគ្គលឯណាមួយ សម្លាប់សត្វ បុគ្គលទាំងអស់ នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយកាន់យក ទ្រព្យដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើត ក្នុងនរក បុគ្គលឯណាមួយប្រព្រឹត្តខុសក្នុងកាមទាំងឡាយ បុគ្គលទាំងអស់ នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយនិយាយ កុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក កម្ម ឯណាៗ ច្រើនជាងកម្មនោះៗ តែងនាំបុគ្គលទៅ ។ បពិត្រព្រះអង្គដ៏ចម្រើន និគ្គណ្ឋនាដបុត្តតែងសម្តែងធម៌ដល់ពួកសាវ័ក យ៉ាងនេះឯង ។