អដ្ឋកថា កុលសូត្រទី ៩

ក្បាលទី 23 · ទំព័រ 272

ក្នុងកុលសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទុព្ភិក្ខា ប្រែថា មានភិក្ខារកបានលំបាក ។ បទថា ទ្វីហិតិកា សេចក្តីថា មានការប្រព្រឹត្តិទៅយ៉ាងនេះថា ពួកយើងនឹងមានជីវិតបានឬទេហ្ន៎ បាឋៈថា ទុហិតិកា ដូច្នេះក៏មាន ឯអត្ថក៏ដូចគ្នានេះឯង ។ ឈ្មោះថា ទុហិតិកា ក្នុង ពាក្យថា រស់នៅលំបាកនេះ ព្រោះមិនអាចប្រកបការងារឯណានីមួយបាន ស្រួល ។ ឈ្មោះថា សេតដ្ឋិកា ព្រោះមានឆ្អឹងរបស់អ្នកស្លាប់ក្នុងទីនោះៗ សក្បុសដេរដាស ។ បទថា សលាកាវុត្តា បានដល់ មានជីវិតនៅបាន ដោយស្លាក គឺការរស់នៅក្នុងនាឡន្ទគ្រាមនោះ ត្រឹមតែប្រើស្លាកបុណ្ណោះ អធិប្បាយថា ឲ្យកើតផល ។ បទថា ឧគ្គិលិតុំ សេចក្តីថា កាលព្រះសមណ គោតមមិនពោលស្រាយនូវកំណួចទាំងពីរបាន ឈ្មោះថា មិនអាច ខ្ជាក់ គឺនាំចេញក្រៅ ។ បទថា ឱគិលិតុំ សេចក្តីថា កាលទ្រង់ឃើញទោស នៃពាក្យសួរហើយ មិនអាចនាំចូលទៅ ឈ្មោះថា មិនអាចលេប គឺឲ្យចូលទៅ ខាងក្នុង ។ ព្រះមានព្រះភាគកាលត្រាស់ថា ឥតោ សោ គាមណិ ឯកនវុតោ កប្បោ បុណ្ណោះ ក៏ទ្រង់រពឫកទៅ ៩១ កប្ប រយៈដែលខ្យល់ចេញអំពីច្រមុះ មិនទាន់ត្រឡប់ចូលទៅវិញ ដើម្បីកំណត់ដឹងថា ក្នុងត្រកូលដែលត្រូវធ្លាប់ បៀតបៀន ដោយការឲ្យភិក្ខាដែលឆ្អិនហើយ មានខ្លះទេហ្ន៎ សូម្បីយ៉ាងនោះ ក៏ទ្រង់មិនបានឃើញ សូម្បីត្រឹមត្រកូលតែមួយ ទើបត្រាស់ពុទ្ធវចនៈជាដើមថា ឥតោ សោ គាមណិ ដូច្នេះ ។ ឥឡូវនេះ កាលត្រាស់អានិសង្សរបស់ទាន ជាដើម ទើបទ្រង់ផ្តើមត្រាស់ព្រះធម្មទេសនាថា អថខោ យានិ តានិ កុលានិ អទ្ធានិ ដូច្នេះ ។