មណិចូឡកសូត្រទី ១០

ក្បាលទី 23 · ទំព័រ 273

សម័យមួយ ព្រះមានដ៏ព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកឡន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង អន្តរាកថានេះ កើតឡើងដល់ពួកជនដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិសទ្យ ខាងក្នុង ព្រះរាជវាំងថា មាស និងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ ពួកសមណសក្យបុត្តិយ៍ ក៏ត្រេកអរចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តិយ៍ ទទួលនូវមាស និងប្រាក់បាន ។ សម័យនោះ គាមណីឈ្មោះមណិចូឡកៈ អង្គុយក្នុងបរិសទ្យ នោះដែរ ។ ទើបមណិចូឡកគាមណីនិយាយនឹងបរិសទ្យនោះ ដូច្នេះថា អស់ លោកទាំងឡាយ លោកទាំងឡាយកុំនិយាយយ៉ាងហ្នឹងឡើយ មាស និងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍មិនទទួលនូវមាស និង ប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ ជាអ្នកលះចោលកែវមណី និងមាសហើយ ប្រាសចាកមាសប្រាក់ហើយ ។ មណិចូឡកគាមណីក៏មិនអាចញ៉ាំងបរិសទ្យ នោះឲ្យយល់បានសោះ ។ គ្រានោះ មណិចូឡកគាមណីចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះមណិចូឡកគាមណីអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អន្តរាកថានេះ កើតឡើងដល់ពួក ជនដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិសទ្យ ខាងក្នុងព្រះរាជវាំងនេះថា មាស និងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ ពួកសមណសក្យបុត្តិយ៍ ក៏ ត្រេកអរចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តិយ៍ទទួលមាស និង ប្រាក់បាន ។